ខឹងសង្សាងាកមើលស្រីផ្សេងលើក Laptop សំពងក្បាល ផ្អើលអ្នកដំណើរលើយន្តហោះ (មានវីដេអូ)

អាមេរិក៖ នារីម្នាក់បានធ្វើឲ្យអ្នកដំណើរលើយន្តហោះជាច្រើន មានការភ្ញាក់ផ្អើល លាយឡំនឹងភាពភ័យខ្លាច ក្រោយបញ្ចេញសកម្មភាពពោរពេញដោយកំហឹង លើកកុំព្យូទ័រយួរដៃ ឬ Laptop ទៅសំពងក្បាលមិត្តប្រុស ក្រោយខឹងនឹងគាត់ងាកមើលស្រីផ្សេង។

ហេតុការណ៍នេះ ត្រូវបានគេដឹងថា កើតឡើងកាលពីថ្មីៗនេះ នូវជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលនឹងធ្វើដំណើរចាកចេញពីទីក្រុង Miami ឆ្ពោះទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ជាក់ស្តែង បើផ្អែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានអ្នកដំណើរដទៃលួចថតបានពីសកម្មភាពនៅក្នុងថ្ងៃកើតហេតុនោះ បានបង្ហាញឲ្យឃើញថា នារីជាសង្សារចិត្តឆៅដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ បានខឹងសម្បានិងស្រែកឈ្លោះប្រកែករករឿងយ៉ាងខ្លាំងៗ ទៅកាន់មិត្តប្រុសរបស់នាង ឈ្មោះ លោក Memo ក្នុងកាយវិការ (ទះកំផ្លៀង) និងពាក្យសម្ដីមិនសមរម្យជាច្រើន (ជេរ)។

អ្វីដែលរឹតតែភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកដំណើរជាច្រើនចង់ខ្យល់ចាប់នោះ គឺនារីជាសង្សារថែមទាំងបានលើក Laptop ទៅវាយ ឬសំពងក្បាលមិត្តប្រុសរបស់នាងថែមទៀត បើទោះបីជាក្រុមការងារបម្រើការលើយន្តហោះ បានព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយ ក៏នាងនៅតែរឹងទទឹងមិនស្តាប់។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម Twitter ដោយទទួលបានការចែករំលែកតៗគ្នាជាច្រើន។ ក្រោយកើតហេតុ អ្នកដំណើរដែលជាគូសង្សារខាងលើនេះ ក៏ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ សម្រេចដកពួកគេទាំងពីរចេញពីជើងហោះផងដែរ។

ចំណែកឯ នារីជាសង្សារដៃឆើតចិត្តសឿងនោះ ក៏ត្រូវបានគេរាយការណ៍ ត្រូវបានចាប់ឃាត់ខ្លួន ជុំវិញនឹងករណីនេះផងដែរ។ ប៉ុន្តែមិនត្រូវបានគេដឹងថា នឹងមានការសួរនាំ ឬវិធានការបែបណាចំពោះនាងនោះឡើយ។

ជាមួយគ្នានេះ ខាងក្រុមហ៊ុនអាកាសចរណ៍ American Airlines ក៏បានលើកឡើងដែរថា «ការអនុវត្តន៍ច្បាប់ត្រូវបានស្នើសុំ ហើយអ្នកដំណើរទាំងពីរនាក់នេះ (គូសង្សារ) ក៏ត្រូវបានសម្រេចដកចេញពីលើយន្តហោះ។ យើងសូមថ្លែងអំណរគុណដល់ក្រុមអាកាសយានិករបស់យើងទាំងអស់ ដែលបានធ្វើការងារយ៉ាងរហ័ស ក្នុងការរាយការណ៍ឲ្យដឹងពីស្ថានភាពមួយនេះ។ ព្រោះថា សកម្មភាពរបស់ពួកគេទាំងពីរ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដំណើរយើងដទៃទៀតយ៉ាងខ្លាំង» ៕

សូមទស្សនាវីដេអូខាងក្រោម ៖

Reply